ការប្រកាសសាលក្រមនេះបានធ្វើឡើង បន្ទាប់ពីតុលាការបានបើកសវនាការកាលពីថ្ងៃទី០៩ ខែកក្កដា ពាក់ព័ន្ធនឹងរឿងគ្រឿងញៀន ដែលសមត្ថកិច្ចបានអះអាងថា រកឃើញក្នុងរថយន្តរបស់លោក សុខ ស៊ុនណារ៉េត។
កូនប្រុសរបស់លោក សុខ ស៊ុនណារ៉េត គឺលោក ស៊ន សារ៉ាត់ បានប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងប្ដឹងទៅសាលាឧទ្ធរណ៍ ដើម្បីប្រឆាំងការសម្រេចរបស់សាលាដំបូងខេត្តកំពង់ស្ពឺនេះ។
វាជារឿងអយុត្តិធម៌ ដែលគេបានដាក់ទណ្ឌកម្មលើមនុស្សស្លូតត្រង់ និងគ្មានកំហុសបែបនេះ។
— លោក ស៊ន សារ៉ាត់
លោក សុខ ស៊ុនណារ៉េត អាយុ៦៦ ជាមន្ត្រីទាហានសឹករងកំពង់ស្ពឺ និងបានចូលនិវត្តន៍នៅឆ្នាំ២០២២។ លោកត្រូវបានមន្ត្រីកងរាជអាវុធហត្ថចាប់ខ្លួនគឺក្រោយលោក ហ៊ុន សែន ព្រមានដកតំណែង ចេញពីក្របខណ្ឌការងាររដ្ឋ បើលោក ស៊ន តារា បន្តរិះគន់លោក ហ៊ុន សែន តទៅទៀត។
លោកត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារ តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីសមត្ថកិច្ចអះអាងថា បានរកឃើញគ្រឿងញៀនក្នុងរថយន្តរបស់លោក ប៉ុន្តែលោកបដិសេធនៅចំពោះមុខសមត្ថកិច្ច និងតុលាការជាបន្តបន្ទាប់។
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស លោក យី សុខសាន្ត បានយល់ឃើញថា តុលាការគួរតែបើកការស៊ើបសង្កេតឱ្យសាធារណជន និងសាច់ញាតិអស់មន្ទិលសង្ស័យ ហើយតុលាការមិនគួរកាត់ទោសលោក សុខ ស៊ុនណារ៉េត ដោយគ្រាន់តែសំអាងតាមសមត្ថកិច្ចដែលអះអាងថា បានរកឃើញគ្រឿងញៀនក្នុងរថយន្តរបស់លោកឡើយ។
ហាក់ដូចជាតុលាការកាត់ទោសគាត់ដោយអយុត្តិធម៌ ធ្វើបាបផ្លូវចិត្តគាត់ នៅពេលចង់បានអ្វីមួយដែលគាត់មិនបានធ្វើតាម ហើយធ្វើទុក្ខបុកម្នេញផ្លូវចិត្តគាត់ នៅពេលគាត់ចូលនិវត្តន៍ហើយ មិនឱ្យគាត់មានក្ដីសុខ។
— លោក យី សុខសាន្ត
លោក ស៊ន តារា បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី០៦ ខែសីហាថា ការដាក់គុកឪពុក៤ឆ្នាំធ្វើជាចំណាប់ខ្មាំង នឹងបំបាក់ទឹកចិត្តកងទ័ពដទៃទៀតដែលបានបម្រើជាតិ ស្របពេលកំពុងប្រឈមនឹងការឈ្លានពានពីប្រទេសថៃ។ លោកបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ដើម្បីឱ្យដោះលែងឪពុកលោកមានសេរីភាពឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។